ឃាត់ខ្លួន​ជនបរទេស​ ជិត​២០០​នាក់ ករណី​លួច​ឆ្លងដែន​ពី​វៀតណាម​ចូលកម្ពុជា

ភ្នំពេញៈ កាលពី​យប់​ថ្ងៃ ទី​២៦ ខែមេសា ឆ្នាំ​២០២១​ កម្លាំង​កង​រាជ​វុ​ធ​ហត្ថ​បាន​ឃាត់ខ្លួន​ជនបរទេស​ជិត ២០០​នាក់​ដែល​បាន​លួច​ឆ្លងដែន ដោយ​ខុសច្បាប់​ពី​វៀតណាម​ចូលមក​កម្ពុជា​និង​កំពុង​បន្ត​ស្វែងរក​មេខ្លោង​និង​អ្នក​ដែល​ពាក់ព័ន្ធ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។

ការឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​នៅក្នុង​សណ្ឋាគារ​ដែលមាន​យីហោ «​ផ្ទះល្វែង​សណ្ឋាគារ​បួន​រដូវ​» ម្ចាស់​សណ្ឋាគារ​គឺ​ជនជាតិ​ចិន ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត​ក្រុង​បាវិត ខេត្តស្វាយរៀង​ ។

នៅ​ព្រលប់​ថ្ងៃទី​២៨ មេសា​ ឆ្នំា២០២១នេះ​ ​ប្រមូលផ្តុំ​មនុស្ស​ក្នុង​សណ្ឋាគារ​ ​នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត​ក្រុង​បាវិត​ដោយមាន​ការ សង្ស័យ​កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើការ​ត្រួតពិនិត្យ តាមរយៈ​ការត្រួតពិនិត្យ​នេះ គឺ​រកឃើញ​មាន​មនុស្ស​ជិត ២០០​នាក់ គឺមាន​ចិន ឥណ្ឌូនេស៊ី និង​វៀតណាម​។

ក្រោយ​ពេលដែល​សួរនាំ​គឺ​ពួកគេ​បាន​ឆ្លងដែន​ពី​វៀតណាម​ចូល មក​កម្ពុជា ដោយបាន​ពួន​សម្ងំ​នៅក្នុង​សណ្ឋាគារ​។​

ករណីនេះ កម្លាំង​មាន​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​នីតិវិធី​ដោយសារ ជនបរទេស​ទាំងនោះ​ជា​ជនអន្តោប្រវេសន៍​ចូលមក​ដោយ​ខុសច្បាប់​បែបនេះ​គឺ​ខាង​កងរាជអាវុធហត្ថ​អត់​មាន​តួនាទី ជា​អន្តោប្រវេសន៍​ទេ​និង​កំពុងតែ​រៀបចំ​សំណុំបែបបទ​ដើម្បី​ធ្វើការ​ចោទប្រកាន់​នៅក្នុង​ក្របខណ្ឌ​ដែល​ចូលមក​កម្ពុជា​ខុសច្បាប់​។

ដោយឡែក​ចំពោះ​ជនជាតិ​វៀតណាម គឺ​អាវុធហត្ថ​បាន​ទាក់ទង​ជាមួយ​ខាង​ភាគី​វៀតណាម​ដោយ​ភាគី ទាំង​ពីរបាន​ឯកភាពគ្នា​បញ្ជូន​ជនជាតិ​វៀតណាម​ឲ្យ​ទៅ​ភាគី​វៀតណាម​វិញ យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឬក៏​អនុវត្ត​ច្បាប់ នៅក្នុង​ប្រទេស​វៀតណាម​តែម្តង​។ ចំណែក​ជនជាតិ​ដទៃទៀត គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ទឹកដី​កម្ពុជា​សិន ទើប​បន្ត​អនុវត្តតាម​នីតិវិធី​ច្បាប់​។​

មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់ថា “​ការ​ចល័ត​មនុស្ស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឬ​ការជួញដូរ​មនុស្ស​នេះ គឺ​បណ្តាញ​វា​ស្មុគស្មាញ​ណាស់ មានការ​បញ្ជា​បន្តៗ​គ្នា បណ្តាក់​គ្នា​ជា​ខ្សែរយៈ​តែម្តង ។ ​

គឺជា​បទល្មើស​ជួញដូរ​មនុស្ស​ដែលមាន​អង្គការ​ចាត់តាំង ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​គឺ​មិនមែន​តែ​នៅ ក្នុងប្រទេស​កម្ពុជា​យើង​ទេ​ព្រោះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ទៅ​មេខ្លោង​ខ្លះ​បាន​ប្រើ​ទូរស័ព្ទ​លេខ​ដែលមាន​ចេញពី​ប្រទេស​វៀតណាម និង​មេខ្លោង​ខ្លះ​នៅ​ប្រទេស​ចិន ឬ​ប្រទេស​ផ្សេងទៀត​។​

នេះ​គឺជា​ការលំបាក​មួយ​សម្រាប់​ឈានដល់ ការបង្ក្រាប​មេក្លោង​ចុងក្រោយ​បំផុត ហើយ​អ្វីដែល​បង្ក្រាបបាន​នេះ​វា​គ្រាន់តែ​ជា​ដៃ​ជា​ជើង​ហើយ​សមត្ថកិច្ច​កំពុងតែ បន្ត​រិះរក​វិធី​ដើម្បី​សហការ​ជាមួយនឹង​បណ្តា​ប្រទេស​ជា​មិត្ត​ដែលមាន​សហប្រតិបត្តិកា​រ​ជា​គ្នា​ដើម្បី​ឈានទៅរក​ការស្រាវជ្រាវ​ក្រុម​បណ្តាញ​ជួញដូរ​មនុស្ស​ដើម្បី​ឈានទៅដល់​ការបង្ក្រាប​នៅ​ថ្ងៃ​ខាងមុខនេះ​”៕