ផុនថៅវរ៉ុម ប្រធានការិយាល័យ មុខរបរ មន្ទីរការងារ ខេត្តកណ្ដាល ស្រវឹងស្រា បើករថយន្ដបុកមនុស្សស្លាប់ និងរបួស នៅក្រុងតាខ្មៅ ព្រឹកនេះនគរបាលបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់

កណ្ដាល)៖ បុរសម្នាក់ឈ្មោះ ផុនថៅវរ៉ុម បើករថយន្ដក្នុងស្ថានភាពស្រវឹងជោគជាំ បុករះម៉ូតូ៤គ្រឿង បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចខាងមុខមន្ទីរសម្ភពពិសិដ្ឋ លើផ្លូវ២១ ស្ថិតក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញ បានបញ្ជូនជនសង្ស័យដែលជាអ្នកបើកបររថយន្ដ ទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមច្បាប់។

លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា បន្ទាប់ពីសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ អ្នកបើកបររថយន្ដបង្កនេះ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធី ក្រោយបើករថយន្ដក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួស។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2S-3326 បើកដោយឈ្មោះ ផុន ថៅវរ៉ុម អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦៩ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។

បើកក្នុងទិសដៅពីត្បូងមកជើង មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ម៉ាក Honda Cub ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1BZ-1186 អ្នកបើកម៉ូតូមានឈ្មោះ សោម ដានី ភេទស្រី អាយុ៤៥ឆ្នាំ មានទីលីភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (រងរបួសបាក់ជើងខាងឆ្វេង) និងអ្នករួមដំណើរពីក្រោយឈ្មោះ សាម៉េត នីបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនមានទីលំនៅជាមួយគ្នា (រងរបួសស្រាល) ម៉ូតូបើកក្នុងទិសដៅពីជើងទៅត្បូង រួចបត់ឆ្វេងត្រឡប់ក្រោយ។

រួចរថយន្តខាងលើបានរេចង្កូតទៅបុកម៉ូតូចំនួន០៣គ្រឿងទៀត ទី១៖ ម៉ាក Honda សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BF-2600 អ្នកបើកម៉ូតូមិនទាន់ស្គាល់ (ស្រាវជ្រាវតាមក្រោយ) រងរបួសធ្ងន់បើកម៉ូតូមានទិសដៅពីជើងទៅត្បូង, ទី២៖ ម៉ាក Honda Scoopy ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BU-1239 អ្នកបើកឈ្មោះ អន ស្រីនិច អាយុ២៣ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យជ័យជំនះ) ។

និងអ្នករួមដំណើរពីក្រោយ២នាក់រងរបួសស្រាល, ទី៣៖ ម៉ាក Honda click ពណ៌សពាក់ស្លាកលេខកណ្ដាល1Z-0344 អ្នកបើកឈ្មោះ តាំង ម៉េងហុង អាយុ៤៩ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (របួសធ្ងន់បាក់ជើងខាងឆ្វេង)។

គួរជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅពេលយប់ ហើយបុគ្គល ទំនើងឈ្មោះផុនថៅ វរ៉ុម បានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ខណៈដែលក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានដាក់ជាតំបន់ដែលបិទខ្ទប់ ដូច្នេះក្រៅពីការបង្កគ្រោះថ្នាក់ចរាចរណ៍ហើយនោះ អ្នកបើកបរក៏បានបំពាននូវសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះគេសង្ឃឹមថា ស្ថាប័នតុលាការនឹងផ្ដន្ទាទោសជនបង្កឲ្យបានម៉ឺងម៉ាត់បំផុត។

តាមប្រភពពីគ្រួសារដែលស្លាប់បានឲ្យដឹងថាឥឡូវនេះគេកំពុងតែរត់ការដើម្បីឲ្យជនបង្កនៅក្រៅឃុំគ្រួសារជនរងគ្រោះបានសំណូមពរទៅដល់តុលាការខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌ឲ្យជនរងគ្រោះសូមមេត្តាកាត់ក្តីប្រកបទៅដោយតម្លាភាពដើម្បីឲ្យជនរងគ្រោះស្លាប់ទៅហើយនោះឲ្យបានស្ងប់ចិត្តផងចុះ។