តើទីតាំងកត់ឆ្នោតវៀតណាមP9មានអ្វីពាក់ព័ន្ទជាមួយនិងអធិការខណ្ឌឫស្សីកែវបានជាមិនហ៊ានបង្ក្រាប!

ភ្នំពេញ៖ ទីតាំងកត់ឆ្នោតវៀតណាម P9 ដ៏ធំមួយកន្លែងកំពុងសប្បាយកើបលុយយ៉ាងត្រជាក់ចិត្តនិងបើកលេងយ៉ាងរលូនជាយូរឆ្នាំមកហើយ នៅតាមបណ្ដោយផ្លូវទៅជ្រោះបាត់ស្នេហ៍ ជាប់ផ្សារសាំហាន់ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

មិនមានអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណាចុះបង្ក្រាបឡេីយ​ ទង្វើប្រងើយកន្តើយនេះហាក់បីដូចជាផ្គើនទៅនឹងប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានខ្លះបានអោយដឹងថា ទីតាំងខាងលើនេះជារបស់លោក ឧកញ៉ា ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះជាម្ចាស់ល្បែងស៊ីសងដ៏ធំមួយ ទើបលោកអធិការខណ្ឌឫស្សីកែវមិនហ៊ានបង្ក្រាប។

បន្ទាប់ពីបានទទួលព័ត៌មាននេះ អង្គភាពសារព័ត៌មានយើងក៏បានទាក់ទងទៅលោកអធិការខណ្ឌឫស្សីកែវ តែបែជាមានអ្នកផ្សេងទាក់ទងមកអ្នកសារព័ត៌មានវិញ ហើយបានអះអាងថាខ្លួនក៏ជាមន្ត្រីម្នាក់ដែលមាន បុណ្យស័ក្តិមិនតូចដែរ ទើបហ៊ានបើកកន្លែងលេងល្បែងស៊ីសងនេះ។

ទាំងអស់នេះហើយដែលជាការព្រួយបារម្មណ៍របស់ពលរដ្ឋ ហើយក៏បានដាក់ការសង្ស័យទៅលើសមត្ថកិច្ចខណ្ឌឫស្សីកែវថា ប្រហែលជាមានអ្វីពាក់ព័ន្ធហើយបានជាមិនហ៊ានបង្ក្រាបបែបនេះ។

តែទោះបីជាយ៉ាងណាប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរខណ្ឌ សូមមានចំណាត់ការចុះបង្ក្រាបនូវល្បែងស៊ីសងខាងលើមួយនេះផង ខណៈដែលម្ចាស់ទីតាំង កំពុងបើកលេងគគ្រឹកគគ្រេងយ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះ។

ហើយប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរខណ្ឌនិងមានចំណាត់ការចុះបង្ក្រាបនូវល្បែងស៊ីសងឆ្នោតវៀតណាមដុះស្លែមួយនេះជាក់ជាមិនខាន។ ពីព្រោះកន្លងមកលោកអភិបាលខណ្ឌតែងតែចុះបង្ក្រាបទីតាំងជាច្រើនកន្លែង រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់លោក៕