អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បាននាំយកអំណោយមនុស្សធម៌ចែក ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៩៩គ្រួសារ រស់នៅសហគមន៍សាមគ្គីរុងរឿង ក្នុងសង្កាត់ផ្សារដើមថ្កូវ

នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល ប្រធានអនុសាខា និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ/៩៩គ្រួសារ ដែលរស់នៅសហគមន៍សាមគ្គីរុងរឿង ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ។

ហើយជាមួយគ្នានោះដែរ លោកប្រធានអនុសាខា បានមានមតិផ្ដាំផ្ញើអំពីការបង្កានិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នាពេលបច្ចុប្បន្ន ត្រូវថែរក្សាអនាម័យអោយបានល្អ ដោយត្រូវពាក់ម៉ាស លាងដៃជាមួយអាល់កុល ជែល ឬលាងដៃជាមួយសាប៊ូ អោយបានស្អាតល្អ និងត្រូវរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា ព្រមទាំងចូលរួមថែរក្សាបរិស្ថានដោយត្រូវចេះវិចខ្ចប់ និងទុកដាក់សំរាមអោយបានត្រឹមត្រូវផងដែរ។

បន្ទាប់ពីចប់ពិធីសំណេះសំណាលរួចមក លោកប្រធាន និងសមាជិក-សមាជិកាអនុសាខា បានអញ្ជើញបន្តចុះចែកអំណោយដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍រុងរឿងនៅតាមខ្នងផ្ទះ សរុប ៩៩គ្រួសារ។

ចំពោះអំណោយដែលបានចែកជូន ដោយក្នុង០១គ្រួសារទទួលបាន រួមមាន៖ អង្ករ, ទឹកត្រី, ទឹកស៊ីអ៉ីវ, ត្រីខ, សាប៊ូ, ម៉ាស និងមី។