លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីខេត្តឧត្ដរមានជ័យ និងលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង លេងមួយក្បាច់ មន្រ្ដីយោធាជាង ៦០០នាក់ រត់ទៅប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ
ចេញផ្សាយថ្ងៃទី៦ ខែគុម្ភះ ឆ្នាំ២០២១
ខេត្តឧត្ដរមានជ័យ ៖ មហាជនខេត្តឧត្ដរមានជ័យ រង់ចាំមើលថា តើអ្នកពាក់ព័ន្ធមានប៉ុន្មាននាក់ នៅក្នុងសំណុំរឿង គ្រួសារយោធិនជាង ៦០០គ្រួសារ ប្ដឹងលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង អតីតប្រធាខ្វៀល ចំបញ្ជីដីធ្លី នៅភូមិពពេលសែនជ័យ និងលោកអនុសេនីយ៍ត្រី ប៉ាន សាម មេភូមិពពេលសែនជ័យ និងជាយោធា ទៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ?។
ប្រភពពីមន្រ្ដីយោធាកងពលតូចលេខ៤១ បានអោយដឹងថា ប្លង់ដីជាច្រើនហិកតា ដែលបានចុះបញ្ជីរួច មិនមានភាពប្រក្រតី ចុះហត្ថលេខារបស់លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីខេត្ដឧត្ដរមានជ័យ ហើយមួយចំនួនទៀត បង្កាន់ដៃចុះវាស់វែងឈ្មោះរបស់កងទ័ព ពេលចេញប័ណ្ណ ជាឈ្មោះ វ៉ា ប៊ុនម៉េង និងឈ្មោះ វ៉ា គឹមឡុង ជាឈ្មួញទិញដីនៅឯខេត្តត្បូងឃ្មុំទៅវិញ។
យោងតាមពាក្យបណ្ដឹង បានសរសេរថា សុំប្ដឹងលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង ពីបទឃុបឃិតគ្នាជាមួយលោក ប៉ាន់ សាម រត់ការធ្វេីប័ណ្ណកម្មសិទ្ធិ យកដីអនុក្រិដ្ឋគ្រួសារកងទ័ព លក់ទៅអោយឈ្មួញឈ្មោះ វ៉ា ប៊ុនម៉េង និងឈ្មោះ វ៉ា គឹមឡុង ជាឈ្មួញដី និងបានឃុបឃិតគ្នាចេញប័ណ្ណកម្មសិទ្ធិលើសពីការកំណត់របស់ដីអនុក្រិដ្ឋ ព្រោះដីកងទ័ពទទួលបានតែក្នុងមួយគ្រួសារ ៥០ម៉ែត្រ គុណនិង ១០០ម៉ែត្រ ដែលជាដីសម្បទានសង្គមកិច្ចគ្រួសារកងទ័ព ដែលមានអនុក្រិដ្ឋលេខ ៨៥ អ ន ក្រ ប ក ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១០ ចំណារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រគល់ជូនកងពលតូចថ្មើជើងលេខ៤១ ទុកសំរាប់ចែកជូនគ្រួសារកងទ័ ចំនួន ១៣៥២គ្រួសារ ដើម្បីសង់លំនៅដ្ឋាន និងអាស្រ័យផល ក្នុងមួយគ្រួសារ ៥០ គុណនិង ១០០ម៉ែត្រ ស្មើគ្នា។
ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបធ្វើអោយដីបាត់បង់ និងមានគ្រួសារកងទ័ពចំនួន ៦៥៧គ្រួសារទៀត ពុំទទួលបានដីគោលរបបរបស់ពួកគាត់។
ជុំវិញករណីខាងលើ លោក ប៉ាន់ សាម បានឲ្យដឹងថា បើចោទថា លោកលក់ សូមយកភស្តុតាងមក លោកបន្ថែមថា លោកមិនមានការពាក់ព័ន្ធនោះទេ។ ចំណែកលោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី បានឲ្យដឹងថា លោកបានអនុវត្ដត្រឹមត្រូវតាមច្បាប់ ទាំងការចុះវាស់វែង និងការប្រជុំឯកភាពពីអភិបាលខេត្ត និងមានការបិទប្រកាសត្រឹមត្រូវ។ លោកបន្តថា តេីពេលនោះ មន្រ្ដីយោធាទាំងនោះ នៅឯណា ម៉េចមិនមកមើលគេបិទប្រកាស និងធ្វើការតវ៉ា?។
ករណីខាងលេី មន្រ្ដីយោធាជាច្រើននាក់ ដែលជាម្ចាស់អំណោយដី ថា ពេលនោះ ពួកគាត់ទៅបំពេញកាតព្វកិច្ចរបស់ខ្លួន ការពារទឹកដីនៅសមរភូមិ ព្រំប្រទល់កម្ពុជា-ឡាវ នៅឯខេត្តស្ទឹងត្រែង ៕ ដោយ ៖ គេហទំព័រស្រទាប់យុវវ័យ